ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងពូលB ដោយបានយកឈ្នះសហភាពមីយ៉ាន់ម៉ា ១ទល់នឹង០ នៅពហុកីឡដ្ឋាន Thuwunna ទីក្រុងយ៉ាងហ្គួន យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ពីមុខអ្នកគាទ្រ១២ ៥០០នាក់។
វគ្គទីមួយក្រុមទាំងពីរគ្មានក្រុមណាមួយទាត់បញ្ចូលទីគ្នាបាននោះទេ។ តែកីឡាករម្ចាស់ផ្ទះបីរូបត្រូវពិន័យកាតលឿង ក្រោយបង្ករកំហុស។
វគ្គទី២ទាំងម្ចាស់ផ្ទះ និងភ្ញៀវ បង្កើនការដាក់សម្ពាធទៅវិញទៅមក។ រហូតដល់នាទីទី៧៧ ទើបមានគ្រាប់បាល់កើតឡើងពេលដែលកីឡាករ Asnawi Mangkualam Bahar ទាត់បញ្ចូលទីបានសម្រេចឱ្យក្រុម។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងបន្ថែមទៀតទេ។ ចប់ការប្រកួត ឥណ្ឌូណេស៊ីទទួលបានបីពិន្ទុ ពីការប្រកួតនេះ។
ប្រកួតបន្ទាប់ថ្ងៃទី១២ ខែធ្នូ គ្រុឌឥណ្ឌូណេស៊ី ទទួលឡាវ នៅពហុកីឡដ្ឋាន ម៉ាណាហាន ខេត្តជ្វាកណ្តាល ឥណ្ឌូណេស៊ី វេលាម៉ោង២០និង០០នាទី។ ឯសហភាពមីយ៉ាន់ម៉ាត្រូវធ្វើដំណើរទៅជួបហ្វីលីពីននៅទីក្រុងម៉ានីល។
ថ្ងៃជាមួយគ្នា ក្នុងពូលជាមួយគ្នា ជើងឯកពីរដងវៀតណាម បានយកឈ្នះម្ចាស់ផ្ទះឡាវ ៤ទល់នឹង១ នៅពហុកីឡដ្ឋានជាតិឡាវ ទីក្រុងវៀងចន្ទន៍ ដោយមានអ្នកគាំទ្រចូលរួម១០៦៨៥នាក់។ វគ្គទី១ គ្មានគ្រាប់បាល់កើតឡើងនោះទេ។
លេងវគ្គទី២បាន១៣នាទី វៀតណាមបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Nguyễn Hai Long ពេលដែលកីឡាករ Bui Tiem Dung បញ្ជួនបាល់ឱ្យ។ ១៥នាទីក្រោយមក វៀតណាមបន្ថែមមួយគ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ Nguyễn Tien Linh បន្ទាប់ពីបញ្ជួនបាល់ចេញពីកីឡាករ Nguyen Quang Hai។ ការប្រកួតដំណើរការដល់នាទីទី៦៩ កីឡាករ Nguyen Van Toan ដោយសហការពីកីឡាករ Nguyen Quang Hai ក៏បានទាត់បញ្ចូលទីគ្រាប់ទី៣ឱ្យវៀតណាម មុនពេលដែលកីឡាករ Van Vi Nguyen បន្ថែមគ្រាប់ទី៤ឱ្យក្រុមនៅនាទីទី៨២។ ជិតចប់ការប្រកួតឡាវ វាយបកបានមួយគ្រាប់វិញដោយកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង Bounphachan Bounkong ទាត់បាល់ពិន័យ១១ម៉ែត្រ។
ប្រកួតបន្ទាប់ថ្ងៃទី១២ ខែធ្នូ ឡាវ ជួបឥណ្ឌូណេស៊ី និងវៀតណាមត្រូវសម្រាកត្រៀមជួបឥណ្ឌូណេស៊ីថ្ងៃទី១៥ ខែធ្នូខាងមុខ៕

