នគរបាលប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានស្នើសុំវត្តមានសមាជិកគណៈរដ្ឋមន្ត្រី និងប្រធានទីភ្នាក់ងារចារកម្ម ដើម្បីសាកសួរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យ កាលពីសប្តាហ៍មុន។

បញ្ជីរាយឈ្មោះមន្ត្រីទាំង១១រូប រួមមានទាំងនាយករដ្ឋមន្ត្រី លោក Han Duck-soo អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim Yong-hyun អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកLee Sang-min រដ្ឋមន្ត្រីការបរទេសលោកCho Tae-yul និងរដ្ឋមន្ត្រីមួយចំនួនទៀត ព្រមទាំងនាយកទីភ្នាក់ងារចារកម្មរបស់ប្រទេស លោក Cho Tae Yong។

មន្ត្រីទាំងនេះ ត្រូវបានគេជឿថាបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលបានធ្វើឡើងក្នុងការនាំទៅរកការប្រកាស និងក្រោយការប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី លោក Yoon Suk-yeol កាលពីថ្ងៃទី៣ ខែធ្នូ។
ការិយាល័យស៊ើបអង្កេតជាតិ ដែលកំពុងដោះស្រាយករណីនេះ បាននិយាយថា ពួកគេនៅពុំទាន់បានដាក់ចេញចំណាត់ការច្បាប់ណាមួយដើម្បីតម្រូវឲ្យពួកគេបង្ហាញខ្លួនសម្រាប់ការសាកសួរនៅឡើយ លុះត្រាតែពួកគេមិនព្រមសហការ។