ស៊ូដង់៖ ធនាគារពិភពលោកបានផ្អាកជំនួយរបស់ខ្លួនដល់ប្រទេសស៊ូដង់ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិល។ មេដឹកនាំនយោបាយមួយចំនួនត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ដោយបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការថ្កោលទោសពីអន្តរជាតិ។ សហភាពអាហ្វ្រិក (AU) ក៏បានព្យួរប្រទេសស៊ូដង់ពីប្លុកនេះដែរជុំវិញការដណ្ដើមអំណាច "មិនស្របតាមរដ្ឋធម្មនុញ្ញ"។ ចំណែកសហរដ្ឋអាមេរិកវិញបានបង្កកប្រាក់ជំនួយចំនួន ៧០០លានដុល្លារ។

មេដឹកនាំស៊ីវិល និងយោធារបស់ប្រទេសស៊ូដង់បានស្ថិតនៅក្នុងកិច្ចព្រមព្រៀង ចែករំលែកអំណាចដ៏ផុយស្រួយមួយអស់រយៈពេលពីរឆ្នាំកន្លងមកនេះ។ ការកាត់ផ្ដាច់ជំនួយភ្លាមៗទំនងជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសស៊ូដង់ដែលកំពុងដុនដាបនៅពេលដែលសេដ្ឋទើបតែចាប់ផ្តើមងើបឡើងវិញបន្តិច។ ចំណាត់ការរបស់ធនាគារពិភពលោក និងសហភាពអាហ្វ្រិកបានដាក់សម្ពាធបន្ថែមទៀតលើមេដឹកនាំរដ្ឋប្រហារគឺឧត្តមសេនីយ៍ Abdel Fattah Burhan ឱ្យស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ។

បុរសខ្លាំងថ្មីគឺឧត្តមសេនីយ Abdel-Fattah Burhan បានសន្យាថានឹងរៀបចំការបោះឆ្នោតដូចដែលបានគ្រោងទុកនៅខែកក្កដា ឆ្នាំ២០២៣ ហើយនឹងតែងតាំងរដ្ឋាភិបាលដែលសំបូរទៅដោយក្រុមអ្នកជំនាញក្នុងពេលនេះ ប៉ុន្តែក្រុមអ្នករិះគន់សង្ស័យថា នៅទីបំផុតការគ្រប់គ្រងដោយយោធាមានភាពតឹងរ៉ឹងខ្លាំងជាងរបបគ្រប់គ្រងដោយស៊ីវិល៕
អត្ថបទ៖ សុខមាន