លោកប្រធានាធិបតី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រកាសកាលពីថ្ងៃចន្ទថា ទួរគី នឹងបើកទ្វារព្រំដែនជាមួយប្រទេសស៊ីរីឡើងវិញ ក្នុងខេត្ត Hatay ភាគខាងត្បូង ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត និងសុវត្ថិភាពរបស់ជនភៀសខ្លួនស៊ីរី។

លោក អឺដូហ្កាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅរដ្ឋធានីអង់ការ៉ាថា៖«យើងកំពុងបើកច្រក Yayladagi ដើម្បីទប់ស្កាត់ការកកកុញលើសចំណុះ និងជួយសម្រួលចរាចរណ៍ ក្នុងអំឡុងពេលត្រឡប់ទៅវិញ(របស់ជនភៀសខ្លួនស៊ីរី)។
ច្រក Yayladagi នៅក្បែរចុងភាគពាយ័ព្យនៃប្រទេសស៊ីរី ត្រូវបានបិទ តាំងពីឆ្នាំ ២០១៣ ដោយសារតែការប្រយុទ្ធគ្នា នៅជិតព្រំដែន។

ខណៈពេលដែលបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងបរិយាកាសនយោបាយសង្គមរបស់ប្រទេសស៊ីរី លោក អឺដូហ្កាន់ បានសម្តែងសុទិដ្ឋិនិយមអំពីអនាគតរបស់តំបន់នេះ។ លោកបាននិយាយថា៖«គិតត្រឹមថ្ងៃអាទិត្យ រយៈពេលដ៏ខ្មៅងងឹតក្នុងប្រទេសស៊ីរី បានបញ្ចប់ ហើយយុគសម័យដ៏ត្រចះត្រចង់ បានចាប់ផ្តើមកើតមានឡើង»។
លោកបានបន្ថែមថា៖«កម្លាំងដ៏ខ្លាំងនៃការផ្លាស់ប្តូរ នៅទូទាំងប្រទេសស៊ីរី នឹងនាំទៅរកលទ្ធផលវិជ្ជមានសម្រាប់ប្រជាជនស៊ីរីទាំងអស់ ជាពិសេសជនភៀសខ្លួន។ នៅពេលដែលស្ថិរភាព ត្រូវបានស្ដារឡើងវិញ នៅក្នុងប្រទេសនេះ ការវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងរបៀបរៀបរយ (នៃជនភៀសខ្លួនស៊ីរី) នឹងកើនឡើង»។