សន្តិសុខទូទៅរបស់ប្រទេសលីបង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានការកើនឡើងនៃប្រជាជនស៊ីរីដែលប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសលីបង់ ដែលសម្របសម្រួលដោយអវត្តមានរបស់អាជ្ញាធរស៊ីរី នៅច្រកព្រំដែន Jdeidet Yabous។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សន្តិសុខទូទៅរបស់ប្រទេសលីបង់ បាននិយាយថា ប្រជាជនស៊ីរីមួយចំនួន បានព្យាយាមគេចពីការបំពេញលក្ខខណ្ឌតម្រូវឲ្យចូលតាមផ្លូវច្បាប់ ហើយធ្វើដំណើរចូលទៅក្នុងប្រទេស លីបង់តាមច្រកព្រំដែន Masnaa នៅភាគខាងកើតប្រទេសលីបង់។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកងទ័ព និងកងកម្លាំងសន្តិសុខផ្ទៃក្នុង សន្តិសុខទូទៅនេះ បានគ្រប់គ្រងស្ថានការណ៍ និងបញ្ជូន (ប្រជាជនស៊ីរី)ត្រឡប់ទៅកាន់ទឹកដីស៊ីរីវិញ ដោយអនុញ្ញាតឲ្យតែអ្នកដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យចូលស្របច្បាប់ប៉ុណ្ណោះ ដើម្បីដំណើរ ការ»។
ទីបញ្ជាការដ្ឋានកងទ័ព បានដាក់ពង្រាយបុគ្គលិក ដើម្បីដោះស្រាយប្រជាជនស៊ីរីដែលធ្វើដំណើរទៅកាន់ប្រទេសលីបង់។
យោងតាមប្រភពសន្តិសុខក្នុងតំបន់ព្រំដែន បានឲ្យដឹងថា ប្រជាជនស៊ីរីប្រមាណ ១៥០គ្រួសារ ត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំនៅច្រកឆ្លងកាត់ Masnaa ដោយស្វែងរកការជ្រកកោន នៅក្នុងប្រទេសលីបង់។