សម្ព័ន្ធអារ៉ាប់ (AL) កាលពីថ្ងៃចន្ទ បានជំរុញឲ្យបញ្ឈប់ជាបន្ទាន់ចំពោះជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការកសាងប្រទេសឡើងវិញ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃប្រជាជនដែលត្រូវបានគេជម្លៀស។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Port Sudan រវាងប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ស៊ូដង់ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)លោក Abdel Fattah al-Burhan និងអគ្គលេខាធិការ លោក AL Ahmed Aboul Gheit។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអធិបតេយ្យភាព។
លោក Aboul Gheit បានប្រាប់អ្នកយកព័ត៌មានថា៖«កិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព គឺមានភាពវិជ្ជមាន» ដោយបញ្ជាក់សាជាថ្មីអំពីឆន្ទៈរបស់សម្ព័ន្ធអារ៉ាប់ ក្នុងការធ្វើការជាមួយសហភាពអាហ្រ្វិក និងសហគមន៍អន្តរជាតិ ដើម្បីស្ដារសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសស៊ូដង់។
តំណាងរបស់ស៊ូដង់ប្រចាំសម្ព័ន្ធអារ៉ាប់ (AL) លោក Imad Al-Din Adawi បានគូសបញ្ជាក់តួនាទីរបស់ សម្ព័ន្ធនេះថា ជា«របងសន្តិសុខ» ដោយបញ្ជាក់ពីសារៈសំខាន់នៃការមិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។
លោក Aboul Gheit បានទៅដល់ទីក្រុង Port Sudan កាលពីព្រឹកថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ក្នុងអំឡុងពេលនោះ លោកក៏បានជួបជាមួយលោក Ibrahim Jabir សមាជិកក្រុមប្រឹក្សារដ្ឋ និងបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស វប្បធម៌ និងព័ត៌មានស៊ូដង់។