យោធាអ៊ីស្រាអែល បាននិយាយកាលថ្ងៃចន្ទថា ទាហានចំនួន ៧នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប។
នៅភាគខាងត្បូងប្រទេសលីបង់ មេបញ្ជាការពីរនាក់ និងទាហានពីរនាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យ ខណៈដែលការផ្ទុះមួយ បានបណ្តាលឲ្យអគារមួយដួលរលំ។
កងទ័ព កំពុងស្ថិតនៅក្នុងសំណង់នៅក្រោមដី នៅពេលដែលអគារនោះ បានបាក់រលំ។ យោធាបាននិយាយថា ពួកគេកំពុងធ្វើប្រតិបត្តិការស្វែងរកក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងតំបន់នោះ។
យោធាបានបន្ថែមថា ខ្លួនកំពុងពិនិត្យមើលថាតើការផ្ទុះនេះ បង្កឡើងដោយចៃដន្យ ដោយសារគ្រឿងផ្ទុះដែលបានដាក់នៅទីនោះមុននេះ ដោយកងកម្លាំងអ៊ីស្រាអែលផ្សេងទៀតដែរឬយ៉ាងណា។
ទោះបីជាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ ក៏ទាហានអ៊ីស្រាអែល នៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ និងប្រតិបត្តិការ ដើម្បីទប់ស្កាត់ក្រុមហេសបូឡា ពីការពង្រាយ និងបញ្ឈប់ការគំរាមកំហែង។
ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នេះ អ៊ីស្រាអែល ត្រូវដកចេញពីភាគខាងត្បូងលីបង់ ក្នុងរយៈពេល ៦០ថ្ងៃ។
កាលពីថ្ងៃចន្ទ ទាហានបីនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅភាគខាងជើងហ្កាហ្សាស្ទ្រីប។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេទាំងបីនាក់«បានស្លាប់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា»។