រដ្ឋបាលលោក Joe Biden កំពុងស្វែងរកផ្លូវ ដើម្បីមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមស៊ីរី ដែលបានទម្លាក់លោកប្រធានាធិបតី Bashar al-Assad (បាសា អាល់សាដ) ចេញពីអំណាច និងកំពុងទាក់ទងទៅដៃគូក្នុងតំបន់ ដូចជាប្រទេសទួរគីជាដើម ដើម្បីឲ្យជួយចាប់ផ្តើមការងារការទូតក្រៅផ្លូវការ។
ដោយនិយាយនៅឯសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេស អ្នកនាំពាក្យ លោក Matthew Miller បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនមានវិធីជាច្រើន ដើម្បីទាក់ទងជាមួយក្រុមផ្សេងៗ ដែលក្រុមមួយ ក្នុងចំណោមនោះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនកំណត់ថា ជាអង្គការភេរវករ។
លោក Miller បាននិយាយថា៖ «យើងបានមានទំនាក់ទំនងក្នុងការសន្ទនាទាំងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសផ្ទាល់ បានចូលរួមនៅក្នុងការសន្ទនាជាមួយប្រទេស ដែលមានឥទ្ធិពល នៅប្រទេសស៊ីរី ហើយយើងនឹងបន្តធ្វើដូច្នេះ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទូទាំងតំបន់ ព្រមទាំងលោកខាងលិចផងដែរ កំពុងព្យាយាមបង្កើតទំនាក់ទំនងថ្មីជាមួយក្រុមឧទ្ទាមនាំមុខគេរបស់ស៊ីរី គឺ Hayat Tahrir al-Sham (HTS) ជាក្រុមដែលធ្លាប់ចងសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា និងដែលត្រូវបានកំណត់ថា ជាអង្គការភេរវករ ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ទួរគី និងអង្គការសហប្រជាជាតិ។
លោក Miller បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើការតាមទូរសព្ទ ហើយកំពុងនិយាយជាមួយបណ្ដាមេដឹកនាំ ក្នុងតំបន់ ហើយបានជជែកគ្នា ២ដង ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan៕