បើយោងតាមឯកអគ្គរដ្ឋទូតដែលបានចូលរួមក្នុងកិច្ចប្រជុំបិទទ្វារ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃចន្ទ (ទី៩ ខែធ្នូ) បានពិភាក្សាគ្នាអំពីស្ថានការណ៍ងាយប្រែប្រួល នៅប្រទេសស៊ីរី បន្ទាប់ពីរបបរបស់ប្រធានាធិបតី លោក Bashar al-Assad ដួលរលំ ដោយជ្រើសរើសនៅស្ងៀម និងរង់ចាំមើលការវិវត្តន៍បន្ថែមទៀតនៃស្ថានការណ៍នេះសិន។
បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់ដែលស្នើឡើងដោយទីក្រុងមូស្គូ លោក Vassili Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថា ក្រុមប្រឹក្សានេះ មានការរួបរួមគ្នាច្រើន ឬតិច លើតម្រូវការបន្តរក្សាបូរណភាពដែនដី និងឯកភាពរបស់ប្រទេសស៊ីរី ដើម្បីធានាដល់ការការពារជនស៊ីវិល និងដើម្បីធានាថា ជំនួយមនុស្សធម៌នឹងមកដល់»។
គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Assad ដែលត្រូវបានផ្តួលរំលំដោយពួកឧទ្ទាមដឹកនាំដោយរដ្ឋអ៊ិស្លាម កាលពីចុងសប្តាហ៍ បន្ទាប់ពីមាននូវការវាយលុករយៈពេលខ្លី និងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ លោក Nebenzia បាននិយាយថា៖ «ប៉ុន្តែមើលចុះ អ្នករាល់គ្នាត្រូវស្រឡាំងកាំងនឹងព្រឹត្តិការណ៍នេះ គឺទាំងអស់គ្នាតែម្ដង រួមទាំងសមាជិកក្រុមប្រឹក្សាផងដែរ។ ដូច្នេះ យើងត្រូវរង់ចាំមើលថា តើស្ថានការណ៍នេះនឹងវិវត្តទៅជាយ៉ាងណា»។
ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បានហៅស្ថានការណ៍នេះថា ជា «ស្ថានការណ៍ងាយនឹងប្រែប្រួល»។ លោកបានបន្តថា៖ «គ្មាននរណាម្នាក់រំពឹងថា កងកម្លាំងស៊ីរីនឹងដួលរលំដូចផ្ទះធ្វើពីសន្លឹកបៀរបែបនេះនោះទេ»។
យ៉ាងណាក្ដី នៅពេលត្រូវបានសួរអំពីក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (HTS) ដែលដឹកនាំសម្ព័ន្ធក្រុមឧទ្ទាមផ្តួលរំលំលោក Assad និងថា តើក្រុមនេះនឹងត្រូវបានដកចេញពីបញ្ជីទណ្ឌកម្មរបស់អង្គការ UN ដែរ ឬទេ ទាំងលោក Nebenzia និងលោក Wood បានឆ្លើយថា ក្រុមប្រឹក្សាមិនទាន់ពិភាក្សាអំពីប្រធានបទនេះនៅឡើយទេ៕