ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារនេះក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តអន្តរកម្មទ្វេភាគី និងការសហការគ្នា។
ក្រសួងបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងអគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពចុងក្រោយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារ។
ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ លោក Araghchi បានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាព «មិនស្ថាបនា» ធ្វើឡើងដោយសមាជិកមួយចំនួននៃក្រុមប្រឹក្សាភិបាលទីភ្នាក់ងារ IAEA កាលពីចុងខែវិច្ឆិកា ក្នុងការអនុម័តសេចក្តីសម្រេចប្រឆាំងទីក្រុងតេអេរ៉ង់ ដោយនិយាយថា វាបានធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោក Grossi ដើម្បីសម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយបញ្ហាការពាររវាងប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារនេះ។
លោកបានសង្កត់ធ្ងន់ថា ខណៈប្រទេសអ៊ីរ៉ង់មិនស្ទាក់ស្ទើរក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបែបនេះ ប្រទេសនេះនៅតែត្រៀមខ្លួនជាស្រេច និងប្តេជ្ញាសហការបែបស្ថាបនា ជាមួយទីភ្នាក់ងារក្នុងក្របខ័ណ្ឌបច្ចេកទេសដែលបានកំណត់។
ដោយឡែកប្រធានទីភ្នាក់ងារ IAEA បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារក្នុងការបន្តអន្តរកម្ម «ដ៏ប្រាកដប្រជា» ជាមួយអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា លោកបានពិគ្រោះយោបល់ជាមួយភាគីនានាក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវ និងសិទ្ធិអំណាចរបស់លោក ដើម្បីរៀបចំមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាដែលមានស្រាប់។
ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារ IAEA កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានអនុម័តសេចក្តីសម្រេចដែលបង្គាប់ឱ្យអ៊ីរ៉ង់ ធ្វើឱ្យប្រសើរឡើងជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA និងស្នើសុំរបាយការណ៍ «គ្រប់ជ្រុងជ្រោយ» ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរជាថ្មី។