សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូនេះថា ឆ្នាំ២០២៤ គឺជាឆ្នាំ «គ្រោះថ្នាក់ជាពិសេស» សម្រាប់អ្នកសារព័តមាន ដោយមានអ្នកស្លាប់ចំនួន ១០៤នាក់ នៅទូទាំងពិភពលោក ដែលជាងពាក់កណ្តាលនៃពួកគេ ស្ថិតនៅក្នុងតំបន់ហ្កាហ្សា។
អគ្គលេខាធិការ IFJ លោក Anthony Bellanger បានប្រាប់សារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ សម្រាប់ឆ្នាំ២០២៤ គឺធ្លាក់ចុះពីការស្លាប់ចំនួន ១២៩នាក់ ក្នុងឆ្នាំ២០២៣ ប៉ុន្តែនៅតែធ្វើឲ្យវាក្លាយជា «ឆ្នាំដ៏អាក្រក់បំផុតមួយ» នៅក្នុងកំណត់ត្រា។
យោងតាមតួលេខដែលប្រមូលដោយក្រុមសារព័ត៌មាន បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ នៅក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
សហព័ន្ធនេះបានឲ្យដឹងថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ យ៉ាងហោចណាស់អ្នកសារព័ត៌មានប៉ាឡេស្ទីនចំនួន ១៣៨នាក់ត្រូវបានសម្លាប់»។
បន្ទាប់ពីតំបន់មជ្ឈិមបូព៌ា តំបន់គ្រោះថ្នាក់បំផុតទី២ សម្រាប់អ្នកសារព័ត៌មាន គឺអាស៊ី ដោយមានអ្នកស្លាប់ ២០នាក់ ក្នុងនោះមាន ៦នាក់ នៅប៉ាគីស្ថាន ៥នាក់ នៅបង់ក្លាដែស និង ៣នាក់ នៅឥណ្ឌា។
ទន្ទឹមនឹងនេះដែរ IFJ បានបន្ថែមថា នៅទូទាំងពិភពលោក អ្នកសារព័ត៌មានចំនួន ៥២០នាក់ ត្រូវបានជាប់ពន្ធនាគារ ដែលជាការកើនឡើងយ៉ាងខ្លាំងលើចំនួន ៤២៧នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារ កាលពីឆ្នាំមុន៕