ប្រមុខចារកម្មបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) បាននិយាយថា ប្រទេសរុស្ស៊ីជិតសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយទីក្រុងមូស្គូកំពុងគ្រប់គ្រងនូវអ្វីដែលលោក បានហៅថា ជាការផ្តួចផ្តើមយុទ្ធសាស្ត្រ នៅគ្រប់វិស័យ ក្នុងសង្រ្គាមនេះ។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២ បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ មានអ្នកភៀសខ្លួនរាប់លាននាក់ និងបង្កឲ្យមានវិបត្តិដ៏ធំបំផុត នៅក្នុងទំនាក់ទំនង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។
ដោយនិយាយទៅកាន់ Razvedchik ដែលជាសារព័ត៌មានផ្លូវការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស លោក Sergei Naryshkin ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានប្រាប់ថា៖ «ស្ថានភាពនៅសមរភូមិ គឺមិនល្អសម្រាប់ទីគ្រុងគីវនោះឡើយ»។
លោក Naryshkin បាននិយាយថា៖ «គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ នៅគ្រប់វិស័យ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។ យើងជិតសម្រេចបាននូវគោលដៅរបស់យើងហើយ ខណៈដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនជិតដួលរលំហើយ»។ ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា សម្រាប់ប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបាត់បង់ភាពស្របច្បាប់ និង «សិទ្ធិអំណាច ក្នុងការចរចា» ហើយ៕