ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi កាលពីថ្ងៃចន្ទ បានជំរុញឲ្យភាគីទាំងអស់ នៅក្នុងប្រទេសស៊ីរី ផ្តល់អាទិភាពដល់ច្បាប់ និងសណ្តាប់ធ្នាប់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួនដោយស្ម័គ្រចិត្ត សុវត្ថិភាព និងប្រកបនិរន្តរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារជនភៀសខ្លួនUN (UNHCR) លោក Grandi បានសង្កត់ធ្ងន់ថា UNHCR ផ្តល់អនុសាសន៍ឲ្យរក្សាការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានៃការវិលត្រឡប់របស់ជនភៀសខ្លួន។ លោកបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការអត់ធ្មត់ និងការប្រុងប្រយ័ត្ន ដោយបង្ហាញក្តីសង្ឃឹមថា លក្ខខណ្ឌមូលដ្ឋាន នឹងអភិវឌ្ឍជាវិជ្ជមាន ដើម្បីគាំទ្រដល់ដំណើរការនេះ។
លោកក៏បានអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ដ៏ធ្ងន់ធ្ងររបស់ប្រទេសស៊ីរី ដោយប្រជាជនជាង ៩០ភាគរយ ពឹងផ្អែកលើជំនួយ ជាពិសេស នៅពេលដែលរដូវរងាខិតជិតមកដល់។
លោកបាននិយាយថា៖«យើងជំរុញឲ្យភាគីទាំងអស់ធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថា ពេលវេលានេះក្លាយជាចំណុចរបត់មួយឆ្ពោះទៅរកក្តីសង្ឃឹម ភាពប្រសើរឡើងវិញ សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជនស៊ីរី»។