នៅថ្ងៃអង្គារនេះ ពលរដ្ឋស៊ីរីត្រូវបានគេមើលឃើញបោសសម្អាតតាមផ្លូវនៅក្នុងរដ្ឋធានីដាម៉ាស់ ខណៈពលរដ្ឋផ្សេងទៀត នាំគ្នាថតរូបនៅជាប់រថក្រោះ រយៈពេលប៉ុន្មានថ្ងៃ ក្រោយក្រុមឧទ្ទាមរឹបអូសបានរដ្ឋធានីប្រទេសស៊ីរីមួយនេះ ។
លោក Mayyadah al-Nayef គឺជាពលរដ្ឋមួយរូបដែលចេញដើរតាមផ្លូវ និយាយថា នៅតាមផ្លូវឃើញតែភាពសប្បាយរីករាយ ។ ពួកយើងជាជនជាតិស៊ីរី សមទទួលបាននូវជីវិតសប្បាយរីករាយបែបនេះ ។
ពលរដ្ឋស៊ីរីផ្សេងទៀត ត្រូវបានគេមើលឃើញជាន់រូបរបស់លោកប្រធានាធិបតីទម្លាក់ចេញពីតំណែង Bashar al-Assad ។
លោក Mohammed Fayed Thahan គឺជាពលរដ្ឋស៊ីរីមួយរូបទៀត និយាយថា ពួកយើងអបអរប្រទេសអារ៉ាប់ទាំងអស់ជាមួយជ័យជំនះមួយនេះ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីរបស់លោក Assadលោក Mohammed Jalali កាលពីថ្ងៃចន្ទ បានយល់ព្រមប្រគល់អំណាចដល់រដ្ឋាភិបាលសង្រ្គោះដឹកនាំដោយក្រុមឧទ្ទាម គឺជារដ្ឋបាលមួយមានមូលដ្ឋាននៅតំបន់ភាគពាយ័ព្យស៊ីរី គ្រប់គ្រងដោយក្រុមឧទ្ទាម ។
ការផ្ទេរអំណាចបន្ទាប់ពីសង្រ្គាមរយៈពេល ១៣ឆ្នាំ ហើយនិងបញ្ចប់ការគ្រប់គ្រងដ៏ឃោឃៅរយៈពេលជាង ៥០ឆ្នាំរបស់គ្រួសារលោក Assad បានធ្វើឲ្យពលរដ្ឋស៊ីរីនៅក្នុងប្រទេស និងជនភៀសខ្លួនរាប់លាននាក់ផ្សេងទៀតនៅក្រៅប្រទេស មានសង្ឃឹមឡើងវិញពីអនាគតប្រទេសរបស់ពួកគេ ៕


