នៅថ្ងៃអង្គារនេះ យន្តហោះកងទ័ពអាកាសកាតា បានផ្ទុកគ្រឿងផ្គត់ផ្គង់ស្បៀងអាហារ និងឱសថ បញ្ជូនទៅកាន់ប្រទេសប្រទេសស៊ីរី មុនពេលការចាកចេញពីមូលដ្ឋានទ័ពអាកាស Al Udeid របស់កាតា ។
ក្រសួងការបរទេសកាតា បានប្រកាសនៅថ្ងៃអង្គារនេះ ពីការដឹកជញ្ជូនតាមអាកាស ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី ក្រោយការដួលរលំរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ។
យន្តហោះដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងមនុស្សធម៌ទម្ងន់ ២៥តោននៅថ្ងៃអង្គារនេះ គឺជាការដឹកជញ្ជូនតាមអាកាសលើកទី ២របស់កាតា ហើយវានឹងឈប់សំចតនៅប្រទេសហ្សកដានី មុនពេលទៅដល់គោលដៅចុងក្រោយ ។
លោក Ahmed Saad Al-Rumaihi គឺជាអ្នកគ្រប់គ្រងផ្នែកជំនួយមនុស្សធម៌នៅមូលនិធិអភិវឌ្ឍន៍កាតា(QFFD)និយាយថា ពួកយើងសង្ឈឹមថានឹងបន្តប្រតិបត្តិការជើងហោះហើរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីធានាការចែកចាយជំនួយដល់អ្នកដែលត្រូវការ នៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ៕


