គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនកំពុងពិភាក្សាអំពីការលាលែងពីតំណែងដែលអាចកើតមានរបស់លោក Yoon នៅខែកុម្ភៈ បន្ទាប់ពីមាននូវការប៉ុនប៉ងដ៏ខ្ជីខ្ជាចេញច្បាប់អាជ្ញាសឹក ហើយរៀបចំការបោះឆ្នោតមុនអាណត្តិ នៅខែមេសា ឬឧសភា។
លោក Yoon បានសុំអភ័យទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹក ដែលបង្កឲ្យមានវិបត្តិនយោបាយ ហើយបានសន្យាថា នឹងទុកជោគវាសនារបស់លោកឲ្យគណបក្សអំណាចប្រជាជន (PPP) ជាអ្នកសម្រេច ប៉ុន្តែមិនបានលាលែងពីតំណែងនោះឡើយ។
ឥឡូវនេះ រូបលោកគឺជាគោលដៅនៃការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ជុំវិញការចោទប្រកាន់ពីបទបះបោរ ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ហើយប្រឈមនឹងការបោះឆ្នោតចោទប្រកាន់លើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែធ្នូ។
លោក Lee Yang-soo ជាប្រធានក្រុមការងាររបស់បក្ស PPP ដែលបានចាប់ផ្ដើមបង្កើតឡើងនៅថ្ងៃទី៩ ខែធ្នូ ដើម្បីកំណត់វិធី ជុំវិញការចុះចេញរបស់លោក Yoon ជាយថាហេតុ និង «ប្រកបដោយរបៀបរៀបរយ» បាននិយាយថា ក្រុមរបស់លោកបានស្នើគំនិតឲ្យលោក Yoon លាលែងពីតំណែង នៅក្នុងខែកុម្ភៈ ឬខែមីនា ហើយនឹងរៀបចំការបោះឆ្នោតពីរខែក្រោយមក។
រដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងតម្រូវឲ្យមានការបោះឆ្នោតក្នុងរយៈពេល ៦០ថ្ងៃក្រោយការចុះចេញពីតំណែងរបស់លោក ប្រសិនបើលោក Yoon លាលែងពីតំណែង នៅមុនអាណត្តិរយៈពេល ៥ឆ្នាំរបស់លោក ដែលត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៧៕