នគរបាល និយាយថា រថយន្តក្រុងដឹកអ្នកដំណើរ ៤២នាក់ បានធ្លាក់ចូលជ្រោះនាថ្ងៃអង្គារនេះ ដោយបានសម្លាប់អ្នកដំណើរ ៣នាក់ និងអ្នកដំណើរ ៣៩នាក់ផ្សេងទៀត រងរបួស នៅរដ្ឋតំបន់ភ្នំ Himachal Pradesh ប្រទេសឥណ្ឌា ។
លោក Karthikeyan Gokul Chandran គឺជាអធិការនគរបាលស្រុក Kullu និយាយថា អ្នកដំណើរបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Anni គឺជាទីក្រុងតូចមួយ ស្ថិតនៅក្នុងស្រុក Kullu ពេលដែលរថយន្តធ្លាក់ចូលជ្រោះ ដែលមានជម្រៅប្រហែល ៨០ម៉ែត្រ ។
អភិបាលរដ្ឋ Himachal Pradesh លោក Sukhvinder Singh Sukhu បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា រដ្ឋបាលរបស់លោកបានបញ្ជាឲ្យផ្តល់ជំនួយវេជ្ជសាស្រ្តបន្ទាន់ដល់អ្នករងរបួសក្នុងគ្រោះថ្នាក់ខាងលើ ។
ដោយឡែក មូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុនេះ នៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ខណៈរង់ចាំការស៊ើបអង្កេតជាមុនសិន ៕