អង្គការសហប្រជាជាតិ(UN) និយាយថា ពួកគេចង់មើលឃើញអនាគតល្អបំផុតសម្រាប់ពលរដ្ឋស៊ីរី គឺជាអនាគមួយដែលពួកគេជ្រើសរើសដោយខ្លួនឯង រយៈពេលប៉ុន្មានថ្ងៃក្រោយក្រុមឧទ្ទាមរឹបអូសបានរដ្ឋធានីដាម៉ាស់ ហើយប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ។
លោក Stéphane Dujarric គឺជាអ្នកនាំពាក្យអគ្គលេខាធិការ UN លោក Antonio Guterres បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ។
កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ប្រធានជនភៀសខ្លួន UN បានអំពាវនាវឲ្យមានភាពអត់ធ្មត់ ស្របពេលដែលជនភៀសខ្លួនស៊ីរីរាប់លាននាក់ ជម្លៀសខ្លួនដោយសារសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ អាចនឹងវិលត្រឡប់មកកាន់ប្រទេសរបស់ពួកគេវិញ ក្រោយការផ្តួលរំលំរបប់ផ្តាច់ការរបស់លោក Bashar al-Assad ។
លោក Filippo Grandi គឺជាឧត្តមស្នងការជនភៀសខ្លួន UN និយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើរជូនក្រុមអ្នកសារព័ត៌មានថា មាននូវឱកាសដ៏គួរចាប់អារម្មណ៍មួយសម្រាប់ពលរដ្ឋស៊ីរីឆ្ពោះទៅរកសន្តិភាព និងសម្រាប់ពលរដ្ឋរបស់ពួកគេ វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ។
ប៉ុន្តែជាមួយនឹងស្ថានភាពពុំទាន់ច្បាស់លាស់ ជនភៀសខ្លួនរាប់លាននាក់ កំពុងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នថាតើវាមានសុវត្ថិភាពដែរឬទេក្នុងការធ្វើបែបនេះ ។ ពលរដ្ឋមួយចំនួន ចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ប៉ុន្តែពលរដ្ឋផ្សេងទៀត នៅមានការស្ទាក់ស្ទើរនៅឡើយ ៕