ប្រមុខចារកម្មបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin)បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា រុស្ស៊ីជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងសង្រ្គាមនៅអ៊ុយក្រែនហើយ ខណៈទីក្រុងមូស្គូ ប្រកាន់យកនូវអ្វីដែលលោកបាននិយាយថា គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រលើគ្រប់វិស័យនៅក្នុងសង្រ្គាមនោះ។

ការវាយលុយរបស់រុស្ស៊ីកាលពីឆ្នាំ២០២២ លើអ៊ុយក្រែន បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួន និងបង្កឱ្យមានវិបត្តិដ៏ធំបំផុតក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២

លោកហ្សឺហ្គេ ណារីស្គីន (Sergei Naryshkin) ប្រធានចារកម្មបរទេសរបស់រុស្ស៊ី (SVR) បានប្រាប់ ទីភ្នាក់ងារ រ៉ាសវ៉េដជីក (Razvedchik) ដែលជាការចេញផ្សាយផ្លូវការរបស់ទីភ្នាក់ងារចារកម្មបរទេសថា ទីក្រុង Kyiv មិនពេញចិត្តស្ថានភាពនៅសមរភូមិមុខពេលនេះទេ។

លោកបាននិយាយថាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្នុងគ្រប់វិស័យជាកម្មសិទ្ធិរបស់យើង យើងជិតសម្រេចបានគោលដៅរបស់យើងហើយ ខណៈកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនជិតដួលរលំ ។
លោកបានបន្ថែមថា សម្រាប់ប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានបាត់បង់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការចរចាហើយ ។
កាលពីថ្ងៃចន្ទ លោក Zelenskyy បានស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានលើកឡើងពីគំនិតនៃការដាក់ពង្រាយកងទ័ពបរទេសនៅក្នុងប្រទេសរបស់លោក រហូតដល់ប្រទេសនេះ អាចចូលជាសមាជិកសម្ព័ន្ធមិត្តយោធាណាតូបាន៕