មេដឹកនាំបណ្តោះអាសន្នថ្មីរបស់ប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថាខ្លួនកំពុងទទួលបន្ទុកដឹកនាំប្រទេសជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយមានការគាំទ្រពីអតីតក្រុមឧទ្ទាម ដែលបានផ្តួលរំលំលោកប្រធានាធិបតី Bashar al-Assad កាលពីប៉ុន្មានថ្ងៃមុននោះ។

នៅក្នុងសុន្ទរកថាខ្លីមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ូហាម៉េដ អាល់-បាសៀ (Mohammed al-Bashir) ដែលត្រូវបានគេស្គាល់តិចតួចនៅទូទាំងស៊ីរី ហើយពីមុនបានគ្រប់គ្រងរដ្ឋបាលនៅតំបន់ភាគពាយព្យដែលគ្រប់គ្រងដោយពួកឧទ្ទាម បាននិយាយថា លោកនឹងដឹកនាំអាជ្ញាធរបណ្តោះអាសន្ននេះរហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំក្រោយ។

លោក Bashir ធ្លាប់បានគ្រប់គ្រងរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលដឹកនាំដោយក្រុមឧទ្ទាម មុនពេលការវាយលុកយ៉ាងលឿនរយៈពេល ១២ថ្ងៃរបស់ក្រុមប្រដាប់អាវុធទាំងនោះ ចូលទីក្រុងដាម៉ាស។

នៅក្នុងរដ្ឋធានីស៊ីរី ធនាគារបានបើកឡើងវិញជាលើកដំបូងចាប់តាំងពីការផ្តួលរំលំលោក Assad ហើយហាងនានាក៏បានបើកទ្វារម្តងទៀត ចរាចរណ៍បានត្រឡប់មកដំណើរការវិញ ខណៈអ្នកអនាម័យបានចេញបោសសម្អាតតាមដងផ្លូវ ហើយមានជនប្រដាប់អាវុធតិចជាងមុន៕