ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបនេះ បានឲ្យដឹងថា ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោក Reto Gruninger ដែលត្រូវបានតែងតាំងជានាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារស្វីស SDC ក្នុងការជួយគាំទ្រកម្ពុជាលើការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម ជឿជាក់ថា ទីភ្នាក់ងារ SDC នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើវិស័យ TVET និងការងារទេសន្តរប្រវេសន៍សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតបលោក Reto Gruninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្កិការជាមួយទីភ្នាក់ងារស្វីស សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC)។ ទន្ទឹមនេះ លោកសង្ឃឹមថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥ខាងមុខនេះនឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ៕







