ក្រុមសកម្មជនសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១២៧នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃចន្ទ (០៩ ធ្នូ) និងថ្ងៃអង្គារ (១០ ធ្នូ) ដោយការបំផ្ទុះគ្រាប់បែក និងការបាញ់ផ្លោងពីភាគីជម្លោះទាំងពីរក្នុងប្រទេសនេះ។

សង្រ្គាមរយៈពេល ២០ខែរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាននិងកំពុងប្រែជាបង្ហូរឈាមកាន់តែខ្លាំងឡើង ខណៈកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់បានជាប់គាំង ហើយវិបត្តិនៅកន្លែងផ្សេងទៀតបានគ្របដណ្តប់ការយកចិត្តទុកដាក់របស់ពិភពលោក។

កងទ័ពស៊ូដង់ បានបង្កើនការវាយប្រហារតាមអាកាសនៅពាក់កណ្តាលប្រទេសដែលក្រុម RSF គ្រប់គ្រង ខណៈ RSF បានវាយឆ្មក់លើភូមិនានា និងបើកការវាយប្រហារដោយកាំភ្លើងធំយ៉ាងខ្លាំងក្លា។ ភាគីជម្លោះទាំងពីរបានកំណត់គោលដៅលើតំបន់ស៊ីវិល ដែលមានប្រជាជនរស់នៅច្រើនកុះករ។
គណៈកម្មាធិការតស៊ូ អាល់-ហ្វាសៀ (Al-Fashir) ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា គ្រាប់បែកធុនធំជាងប្រាំបីគ្រាប់បានវាយប្រហារផ្សារលក់ដូរក្នុងទីប្រជុំជន កាបកាប៊ីយ៉ា (Kabkabiya) នៃតំបន់ ណស ដាហ្វឺ (North Darfur) ហើយក្រុមមេធាវីសង្គ្រោះបន្ទាន់ ដែលជាក្រុមសិទ្ធិមនុស្ស បាននិយាយថាមនុស្សលើសពី ១០០នាក់ស្លាប់ និងរាប់រយនាក់របួស៕