អង្គការសុខភាពតំបន់អាមេរិក ហៅកាត់ថា PAHO បាននិយាយកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថា ករណីជំងឺគ្រុនឈាមដែលត្រូវបានរាយការណ៍នៅទ្វីបអាមេរិក បានកើនឡើងជិត ៣ដងដល់កម្រិតខ្ពស់បំផុតជាង ១២,៦លានករណីនៅឆ្នាំនេះ រួមទាំងករណីធ្ងន់ធ្ងរចំនួន ២១.០០០នាក់ និងអ្នកជំងឺជាង ៧.៧០០នាក់បានស្លាប់។

ការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងឆ្នាំនេះ ដែលកើតពីមូសខ្លានៅទូទាំងពិភពលោក គឺជាករណីដ៏ធំបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៨០ មក នេះបើយោងតាមអង្គការ PAHO ដែលបានជំរុញឱ្យមានការខិតខំប្រឹងប្រែងកាត់បន្ថយការឆ្លងកាន់តែខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍របស់ PAHO បានឱ្យដឹងថា ជំងឺដ៏កាចសាហាវនេះបានវាយប្រហារប្រទេសប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី និងម៉ិកស៊ិក ជាពិសេសបណ្ដាប្រទេសអាមេរិកឡាទីន ដែលមានចំនួន ៩០% នៃករណីឆ្លង និង ៨៨% នៃការស្លាប់។ កុមារមានហានិភ័យខ្ពស់នៃការឆ្លងជំងឺគ្រុនឈាម និងទទួលរងនូវផលវិបាកធ្ងន់ធ្ងរជាងមនុស្សពេញវ័យ។
ទិន្នន័យរបស់ PAHO បង្ហាញថា នៅប្រទេសហ្កាតេម៉ាឡា កុមារតំណាងឱ្យ ៧០% នៃការស្លាប់ដោយសារជំងឺគ្រុនឈាម ខណៈអ្នកមានអាយុក្រោម ១៥ឆ្នាំ មានចំនួនច្រើនជាងមួយភាគបីនៃករណីធ្ងន់ធ្ងរនៅម៉ិកស៊ិក កូស្តារីកា និងប៉ារ៉ាហ្គាយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សប្រហែល ៤ពាន់លាននាក់ ឬប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម៕