ភ្នំពេញ ៖ អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញគ្រប់អង្គភាពពាក់ព័ន្ធ ពិនិត្យគោលដៅសំខាន់ៗ ក្នុងក្រុងសែនមនោរម្យ ដើម្បីកែលម្អសណ្ដាប់ធ្នាប់ និងរៀបចំទីប្រជុំជនក្រុង ឱ្យកាន់តែមានសោភ័ណភាព ត្រៀមទទួលទេសចរ ក្នុងឱកាសថ្ងៃ ឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅចុងសប្ដាហ៍ នេះ។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធពិធី បុណ្យអុំទូក ព្រោះកត្តាគ្រោះធម្មជាតិ និងបញ្ហាកូវីដ–១៩ ប៉ុន្តែប្រជាពលរដ្ឋ មន្ត្រីរាជការ គឺមានថ្ងៃសម្រាកជាធម្មតា ហើយ នឹងប្រាកដជាធ្វើដំណើរកម្សាន្ត ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយ ទើបឯកឧត្ដម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល ស្ថានភាពទូទៅក្នុងក្រុង និងរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ នឹងរៀបចំឱ្យមានទី ធ្លាធំទូលាយ ដើម្បីស្រួលធ្វើដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុង នឹងត្រូវជួសជុលការខូចខាត និងសម្អាត ផងដែរ ។
ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា ក្រៅពីនេះ អាជ្ញាធរ ក៏បាននឹងកំពុងជំរុញការសាងសង់វិមានឯក រាជ្យឱ្យឆាប់រួចរាល់ ដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្ត ដែលនឹងជួយឱ្យខេត្តមណ្ឌលគិរី កាន់តែមានភាពទាក់ ទាញ ជាទីតាំងកម្សាន្តថ្មីមួយរបស់ប្រជាពលរដ្ឋ និងទេសចរ៕
អត្ថបទ៖ អ៊ិត ភីរុណ



