នាយករដ្ឋមន្ត្រីអន្តរកាលថ្មីរបស់ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ បាននិយាយថា វាដល់ពេលហើយសម្រាប់ «ស្ថិរភាព និងភាពស្ងប់ស្ងាត់» នៅក្នុងប្រទេស រយៈពេលពីរថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Bashar al-Assad ត្រូវបានផ្តួលរំលំ ដោយក្រុមឧទ្ទាមក្នុងការវាយលុកលឿនដូចផ្លេកបន្ទោរ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមឧទ្ទាម បានតែងតាំងលោក Mohammed al-Bashir ជាប្រមុខរដ្ឋាភិបាលអន្តរកាល ដើម្បីគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី ១ ខែមីនា។
លោក Bashir បាននិយាយក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកតាមទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាថា «ឥឡូវនេះ ដល់ពេលហើយសម្រាប់ប្រជាជន ដើម្បីមានស្ថិរភាព និងភាពស្ងប់ស្ងាត់»។
លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ខណៈសម្ព័ន្ធប្រឆាំងដឹកនាំដោយអ៊ីស្លាមនិយម បានវាយលុកចូលទៅក្នុងរដ្ឋធានីដាម៉ាស កាលពីចុងសប្តាហ៍។
លោក Abu Mohammed al-Jolani ជាមេដឹកនាំអ៊ីស្លាមនិយម ដែលបានដឹកនាំការវាយលុករបស់ក្រុមឧទ្ទាម ធ្លាប់បានប្រកាសពីកិច្ចពិភាក្សាអំពីការផ្ទេរអំណាច និងបានប្តេជ្ញាបន្តតាមរកអតីតមន្ត្រីជាន់ខ្ពស់ ឲ្យទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជំរុញឱ្យប្រទេសទាំងអស់គាំទ្រដំណើរការនយោបាយ «សមាហរណកម្ម» នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា នៅទីបំផុត សហរដ្ឋអាមេរិក នឹងទទួលស្គាល់រដ្ឋាភិបាលមួយ ប្រសិនបើបំពេញតាមបទដ្ឋានបែបនេះ។