អ្នកនាំពាក្យតុលាការ បាននិយាយនៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូនេះ ថា អតីតរដ្ឋមន្ត្រីការពារជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជាផ្លូវការពីបទបះបោរ ពាក់ព័ន្ធជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី លោក Yoon Suk Yeol ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរ។

លោក Yoon បានផ្អាកការគ្រប់គ្រងបែបស៊ីវិល កាលពីមួយសប្តាហ៍មុន ហើយបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា មុនពេលសមាជិកសភា បានបង្ខំឲ្យលោកដកចេញក្រឹត្យនេះនៅក្នុងប្រទេសដែលត្រូវបានគេសន្មតថាជាប្រទេសលទ្ធិប្រជាធិបតេយ្យមានស្ថិរភាព។
ដីកាចាប់ខ្លួនជាផ្លូវការ ត្រូវបានចេញកាលពីល្ងាចថ្ងៃអង្គារ សម្រាប់អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ដែលត្រូវបានឃុំខ្លួនរួចហើយកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីសម្រេចដំបូងរបស់តុលាការ ទាក់ទងនឹងភាពវឹកវរនយោបាយ ដែលនៅតែបន្ត បណ្តាលមកពីច្បាប់អាជ្ញាសឹក។
បទចោទប្រកាន់រួមមាន «ការចូលរួមក្នុងភារកិច្ចសំខាន់ក្នុងអំឡុងពេលបះបោរ» និង «ការរំលោភបំពានសិទ្ធិអំណាចដើម្បីរារាំងការអនុវត្តន៍សិទ្ធិ»។
អ្នកនាំពាក្យតុលាការទីក្រុងសេអ៊ូល បានប្រាប់សារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធនេះថា ការចាប់ខ្លួន លោក Kim Yong-hyun ជាផ្លូវការ ធ្វើឡើងក្នុងពេលមានការព្រួយបារម្ភថា ភស្តុតាងអាចនឹងត្រូវបានបំផ្លាញ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសភា នៅថ្ងៃពុធនេះថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun បានព្យាយាមធ្វើអត្តឃាតនៅក្នុងមន្ទីរឃុំឃាំង។