កម្ពុជា-លីទុយអានី ពិនិត្យលទ្ធភាពក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលនៅក្នុងវិស័យសំខាន់ៗរួមមាន៖ ការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។
ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។
ដោយឡែក ភាគីលីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។





