មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃអង្គារទី១០ ខែធ្នូ ថា ទាហានរបស់សហរដ្ឋអាមេរិកនឹងនៅតែស្នាក់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំរបស់ប្រធានាធិបតី លោក Bashar al-Assad ជាផ្នែកមួយនៃបេសកកម្មប្រឆាំងភេរវកម្ម ដែលផ្តោតលើការបំផ្លាញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ទីប្រឹក្សារងសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jon Finer បាននិយាយនៅក្នុងទីក្រុងញូវយ៉ក ថា «កងទ័ព នៅតែស្ថិតនៅទីនោះសម្រាប់ហេតុផលជាក់លាក់និងសំខាន់។

ទាហានរបស់សរដ្ឋអាមេរិក បានស្នាក់នៅទីនោះនៅពេលបច្ចុប្បន្ននេះសម្រាប់ផ្នែកកាន់តែប្រសើររយៈពេលមួយទសវត្សរ៍ ឬច្រើនជាងនេះ ដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម(ISIS) ដែលយើងនៅតែប្តេជ្ញាចិត្ត ចំពោះបេសកកម្មនោះ។
ក្រុមរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៤ បានវាយលុកនៅទូទាំងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយបានបង្កើតរដ្ឋអ៊ីស្លាម មុនពេលក្រុមនេះត្រូវបានបណ្តេញចេញដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅឆ្នាំ ២០១៩។
ក្រុមឧទ្ទាមស៊ីរី បានដណ្តើមយករដ្ឋធានីដាម៉ាស ដោយពុំត្រូវបានប្រឆាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការរុលចូលលឿនដូចផ្លេកបន្ទោរដែលបានធ្វើឲ្យលោក Assad ភៀសខ្លួនចេញទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល១៣ឆ្នាំ។
ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន មើលឃើញវត្តមានយោធារបស់ខ្លួន ជាការការពារប្រឆាំងទៅនឹងអស្ថិរភាពបន្ថែមទៀត ទោះបីជា វានៅតែមិនច្បាស់លាស់ថាតើមេដឹកនាំថ្មីរបស់ប្រទេសស៊ីរីនឹងចាត់ទុកវត្តមានរបស់សហរដ្ឋអាមេរិក យ៉ាងដូចម្តេចក៏ដោយ។
ទីក្រុងវ៉ាស៊ីនតោន នៅតែចាត់ទុក ក្រុមសកម្មប្រយុទ្ធមូស្លីមនិកាយស៊ុននី Hayat Tahrir al-Sham ថាជាអង្គការភេរវកម្ម ។