មន្ត្រីយោធាអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថា ការដាក់ពង្រាយកងទ័ពជើងទឹករបស់ចិន នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បានកើនឡើងខ្លាំងក៏ពិតមែន ប៉ុន្តែពុំមានអ្វីខុសប្រក្រតីទេគឺស្របទៅនឹងសមយុទ្ធទ្រង់ទ្រាយធំផ្សេងទៀតនាពេលកន្លងមកដែរ។

ការវាយតម្លៃនេះផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់កោះតៃវ៉ាន់ ដែលបានពិពណ៌នាអំពីការដាក់ពង្រាយនៅក្បែរកោះនេះថាជាចំនួនដ៏ធំបំផុតក្នុងរយៈពេលជិត ៣ទសវត្សរ៍។

មន្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា "សកម្មភាពយោធារបស់ប្រទេសចិន បានកើនឡើងនៅក្នុងតំបន់ ស្របតាមកម្រិតដែលយើងបានមើលឃើញក្នុងអំឡុងពេលសមយុទ្ធធំៗផ្សេងទៀត"។ យោធាចិន មិនទាន់ធ្វើអត្ថាធិប្បាយទេ ហើយក៏មិនបានបញ្ជាក់ថាខ្លួនកំពុងធ្វើសមយុទ្ធណាមួយដែរ។

ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ជុំវិញការបដិសេធរបស់កោះ ត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធយោធាដើម្បីបង្ហាញពីកំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះ លោក Lai Ching-te នៅប៉ាស៊ីហ្វិក ដែលបានបញ្ចប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងរួមបញ្ចូលទាំងការឈប់សំចតនៅកោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះហ្គាំ។
ទោះជាយ៉ាងនេះក្ដី ប្រភពពីមន្ត្រីអាមេរិកមិនបានផ្សារភ្ជាប់ការដាក់ពង្រាយទ័ពនោះទៅនឹងដំណើរទស្សនកិច្ចរបស់លោក Lai ទេ៕