ជនអន្តោប្រវេសន៍នៅក្នុងទីក្រុង Coatzacoalcos ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក បានរង់ចាំយ៉ាងអន្ទះសារដើម្បីឡើងជិះលើរថភ្លើងដឹកទំនិញ ដែលនាំពួកគេទៅកាន់ទីក្រុង Mexico City ។

មនុស្សជាច្រើនបានប្រាប់សារព័ត៌មាន Reuters ថា ពួកគេបានបោះបង់ចោលក្តីស្រមៃ ទៅកាន់ហរដ្ឋអាមេរិក ដោយលើកឡើងពីគោលនយោបាយ និងឧបសគ្គនៃការធ្វើអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។

ជនអន្តោប្រវេសន៍មកពីប្រទេសវេណេស៊ុយអេឡា នាង Carolina Gonzalez ដែលកំពុងធ្វើដំណើរជាមួយកូនអាយុពីរខែរបស់នាង បាននិយាយថា គោលដៅភ្លាមៗរបស់នាងគឺទៅកាន់ទីក្រុង Mexico City ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនេះ។
ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានសន្យាថានឹងរុះរើកម្មវិធីជាច្រើនដែលបានជួយសម្រួលដល់ការចូលរបស់ជនអន្តោប្រវេសន៍ស្របច្បាប់ ទៅក្នុងសហរដ្ឋអាមេរិក រួមទាំងកម្មវិធីរបស់រដ្ឋាភិបាលដែលផ្តល់ការណាត់ជួបតាមកាលវិភាគជាមួយមន្ត្រីព្រំដែនសហរដ្ឋអាមេរិក ដើម្បីស្នើសុំសិទ្ធិជ្រកកោន។