អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីកំណើនសកម្មភាពយោធារបស់ចិន ដែលកំពុងបន្តនៅជុំវិញកោះនៅថ្ងៃពុធ (១១ ធ្នូ) នេះ រួមទាំងយន្តហោះយោធាជាង ៥០គ្រឿង ខណៈតៃវ៉ាន់ នៅតែរក្សាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធនាការដាក់សម្ពាធចុងក្រោយរបស់ទីក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះ លោក Lai Ching-te។

នៅថ្ងៃពុធនេះ អាជ្ញាធរការពារជាតិតៃវ៉ាន់ និយាយថា ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចំនួន ៥៣គ្រឿង ដែលកំពុងប្រតិបត្តិការជុំវិញកោះក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក៏ដូចជានាវាកងទ័ពជើងទឹកចំនួន ១១គ្រឿង និងនាវា "មន្រ្តី" ចំនួន ៨គ្រឿង ដែលសំដៅលើនាវារបស់ភ្នាក់ងារស៊ីវិល ដូចជាឆ្មាំល្បាតឆ្នេរ។

យោធាតៃវ៉ាន់ បានប្រកាសដាក់ខ្លួននៅក្នុងការប្រុងប្រយ័ត្នខ្ពស់តាំងតែពីថ្ងៃចន្ទមក បន្ទាប់ពីបាននិយាយថា ប្រទេសចិន បានបង្កើតដែនអាកាសបម្រុង និងដាក់ពង្រាយនាវាកងទ័ពជើងទឹក រួមទាំងនាវាឆ្មាំល្បាតឆ្នេរ ក្នុងតួលេខដ៏ធំបំផុតក្នុងពេលជិត ៣ទសវត្សរ៍ ប៉ុន្តែមន្រ្តីអាមេរិក លើកឡើងថាសកម្មភាពយោធាចិននោះមិនមែនជារឿងចម្លែកខុសធម្មតានោះទេ។

ភាពតានតឹងទូទាំងច្រកសមុទ្រតៃវ៉ាន់ដ៏រសើបបានបន្តកើនឡើងកាន់តែខ្លាំង ខណៈចិនព្រមានថា បញ្ហាតៃវ៉ាន់គឺជា "ផលប្រយោជន៍ស្នូល" ហើយជាបន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង ដែលសហរដ្ឋអាមេរិក —អ្នកផ្គត់ផ្គង់អាវុធដ៏ធំសម្រាប់កោះតៃវ៉ាន់— មិនគួរឆ្លងកាត់នោះទេ៕