កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍ ដែលពលរដ្ឋនិងអាជីវករ មួយចំនួនធំបានយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសោភ័ណភាពដងផ្លូវផងដែរ។ ដូច្នេះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានចុះរៀបចំ អប់រំណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើម រក្សាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាក់ស្ដែងការចុះរៀបចំនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការណែនាំផ្ទាល់ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបន្តចុះ ផ្លូវលេខ ១៤៣ ផ្លូវលេខ១៥៦ ផ្លូវលេខ២១៥ ផ្លូវលេខ២១១ ជាប់ជាប្រចាំដើម្បីរៀបចំ អប់រំណែនាំ ដល់ម្ចាស់អាជីវកម្ម មួយចំនួន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ជើម រក្សាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាពិសេស ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ ណែនាំដល់អាណាព្យាបាលសិស្សដែលប្រើប្រាស់រថយន្ត យកនិងមកទទួលកូនចេញពីសាលា ចូលរួមរក្សាសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវ ចតរថយន្តឲ្យបានត្រឹមត្រូវ ជាសវៀងបង្កការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ។

ក្នុងប្រតិបត្តិការចុះអប់រំណែនាំ ប្រជាពលរដ្ឋ អាជីវករ ម្ចាស់ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ បានចូលរួមសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានយ៉ាងល្អ ដើម្បីរំដោះចិញ្ចើមផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ តាមដងផ្លូវក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរ ការរៀបចំសណ្ដាប់ធ្នាប់ រក្សាបរិស្ថានអនាម័យនេះ កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែតែងណែនាំដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ យកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការកកស្ទះ ឲ្យបានល្អប្រសើរ និងមានសោភ័ណភាពល្អ សមជាទីក្រុងស៉ីវីល័យ៕ អត្ថបទ៖ កុម្ភះ

