នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចូលខ្លួនផ្ដល់សក្ខីកម្មជាលើកដំបូងកាលពីថ្ងៃអង្គារ (១០ ធ្នូ) នៅក្នុងការកាត់ក្តីពុករលួយដ៏យូរអង្វែងរបស់ខ្លួនដែលចាប់ផ្ដើមតាំងតែពី២០២០មក ដោយនិយាយថាលោកត្រូវបានគេធ្វើទុក្ខបុកម្នេញព្រោះតែគោលនយោបាយសន្តិសុខមិនបន្ធូរដៃរបស់លោក។

លោក Netanyahu វ័យ ៧៥ឆ្នាំ គឺជានាយករដ្ឋមន្ត្រីកំពុងកាន់តំណែងដំបូងគេរបស់អ៊ីស្រាអែល ដែលរងការចោទប្រកាន់ពីសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ជុំវិញការទទួលយកអំណោយពីមិត្តភក្ដិសេដ្ឋីរបស់លោក និងបទចោទប្រកាន់ថាព្យាយាមអនុគ្រោះផ្នែកបទប្បញ្ញត្តិឱ្យមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយជាថ្នូរនឹងការផ្សាយព័ត៌មានគាំទ្រលោក។

មេដឹកនាំអ៊ីស្រាអែលរូបនេះបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយលោកក៏បានផ្ដល់ចម្លើយពីភាពគ្មានទោសនៅក្នុងតុលាការផងដែរ។
លោក Netanyahu មេដឹកនាំបក្សស្តាំនិយម លីគុត (Likud) បានវាយប្រហារប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ចំពោះអ្វីដែលលោកហៅថាជំហរឆ្វេងនិយមរបស់ពួកគេ ហើយបានចោទប្រកាន់អ្នកកាសែតថាបានធ្វើទុក្ខបុកម្នេញលោកអស់រយៈពេលជាច្រើនឆ្នាំ ដោយសារគោលនយោបាយរបស់លោកមិនស្របនឹងការជំរុញឱ្យមានរដ្ឋប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះ នៅខាងក្រៅតុលាការ ក្រុមអ្នកតវ៉ាជាច្រើនបានប្រមូលផ្តុំគ្នាដោយមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនាយករដ្ឋមន្ត្រីរូបនេះ។ គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌមួយគឺមិនចាំបាច់លាលែងពីតំណែងទេ លុះត្រាតែត្រូវបានកាត់ទោស៕