នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសជូនដំណឹងពីបេក្ខជនជាប់ជាស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ១០០នាក់។
តាមរយៈសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថាចំពោះបេក្ខជនជាប់ស្ថាពរដែលមានរាយនាមក្នុងបញ្ជីត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
-ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សូមភ្ជាប់មកជាមួយនៅសលាកបត្រឯកត្តជន ដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍) ត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០ រសៀលជាកំហិត។ ក្នុងករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទដូចបានកំណត់គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។
ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដោយអនុលោមតាមគោលការណ៍របស់សាកលវិទ្យាល័យ។





