រដ្ឋាភិបាលចិន បានបញ្ជាក់នៅថ្ងៃពុធ (១១ ធ្នូ) នេះថា ខ្លួនកំពុងចាត់ "វិធានការចាំបាច់" ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសលើកោះតៃវ៉ាន់ ហើយនឹងមិនអត់ឱនចំពោះសកម្មភាព "ផ្ដាច់ខ្លួន" ណាមួយឡើយ ខណៈតៃវ៉ាន់ បានរាយការណ៍ពីកំណើនយន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង នៅជិតកោះ។

យោធារបស់ទីក្រុងប៉េកាំង មិនទាន់អត្ថាធិប្បាយលើសកម្មភាពយោធានេះទេ ហើយក៏មិនបានបញ្ជាក់ថា ខ្លួនកំពុងធ្វើសមយុទ្ធដែរ។ មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់និយាយថា កំណើនសកម្មភាពចិន គឺចង់ផ្ញើសារនយោបាយទៅកាន់រដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង លោកស្រី ជូ ហ្វឹងលាន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា អាជ្ញាធរចិនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះនិន្នាការនៃកងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់ ដែលឃុបឃិតជាមួយកងកម្លាំងខាងក្រៅ។

អ្នកនាំពាក្យរូបនេះបន្ថែមថា "ប្រទេសចិន នឹងមិនអនុញ្ញាតឱ្យគ្រប់យ៉ាងដំណើរការដោយពុំមានការត្រួតពិនិត្យឡើយ ហើយយើងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់" ដោយមិនបានបញ្ជាក់ដោយផ្ទាល់ថាមានសមយុទ្ធដែលកំពុងបន្តនោះទេ៕