អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថា ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ភាគខាងជើង ត្រូវបានរារាំងយ៉ាងទូលំទូលាយក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ខណៈប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ដែលរងទុក្ខវេទនាក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរ មិនអាចទទួលបានស្បៀងអាហារ ទឹក អគ្គិសនី ឬការថែទាំសុខភាពឡើយ។

កងទ័ពអ៊ីស្រាអែល បានរារាំងម្សៅមី ដែលជាប្រភពស្បៀងដ៏សំខាន់ មិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយអង្គការអន្តរជាតិនានាបានបញ្ឈប់ការចែកចាយ ដែលនាំឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងក្នុងចំណោមប្រជាជន ខណៈវិបត្តិស្បៀងអាហារកាន់តែអាក្រក់ឡើង។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA បាននិយាយថា នៅភាគខាងជើងហ្កាហ្សា អ៊ីស្រាអែលបានបន្តការឡោមព័ទ្ធរបស់ខ្លួនលើតំបន់ជាច្រើន ហើយប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ ភាគច្រើនមិនទទួលបានជំនួយទេ។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល - ក្នុងបំណងលុបបំបាត់ពួកសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយឆ្មក់យ៉ាងបង្ហូរឈាមរបស់ក្រុមនេះទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ - បានធ្វើឱ្យប្រជាជនចំនួន ២,៣លាននាក់ ស្ថិតក្នុងវិបត្តិមនុស្សធម៌៕