មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានផ្ដល់សក្ខីកម្មនៅគណៈកម្មាធិការសភាកាលពីថ្ងៃអង្គារ (១០ ធ្នូ) ប្រឆាំងនឹងលោក Yoon Suk Yeol ដោយនិយាយថា ប្រធានាធិបតីរូបនេះបានចេញបញ្ជាឱ្យ "អូស" សមាជិកសភាចេញពីអគារសភា បន្ទាប់ពីបានប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្ដាហ៍មុន ស្របពេលក្ដីបារម្ភពីភាពទំនេរនៃអំណាច។

ឥឡូវនេះ លោក Yoon ស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ។ លោកបានសូមអភ័យទោសជុំវិញច្បាប់អាជ្ញាសឹកនេះ ប៉ុន្តែមិនបានទទួលយកការអំពាវនាវឱ្យចុះចេញពីតំណែងនោះទេ។

លោក Kwak Jong-geun មេបញ្ជាការកងទ័ពពិសេស បានប្រាប់គណៈកម្មាធិការសភាថា លោកបានទទួលការហៅទូរសព្ទជាច្រើនដងពីលោក Yoon ប្រាប់ថា "ទម្លុះទ្វារសភាឥឡូវនេះ ហើយចូលទៅអូសមនុស្សទាំងនោះចេញមកក្រៅ" ដោយសំដៅទៅលើសមាជិកសភាដែលកំពុងចាប់ផ្តើមបោះឆ្នោតឱ្យលោក Yoon លុបចោលច្បាប់អាជ្ញាសឹក។

សក្ខីកម្មរបស់មេបញ្ជាការកងកម្លាំងពិសេសរូបនេះ ខុសពីការលើកឡើងរបស់មន្ត្រីយោធាជាច្រើន ដែលបាននិយាយថា គឺជារដ្ឋមន្ត្រីការពារជាតិនៅពេលនោះ លោក Kim Yong-hyun ទេដែលបានចេញបញ្ជាឱ្យអូសសមាជិកសភាចេញពីសភា៕