ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំង ក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់។
ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងបែបនេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចូលរួមវេទិកា ប្រចាំឆ្នាំរបស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការគ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP) ដែលបានចូលរួមដោយថ្នាក់ដឹកនាំធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញ គ្រប់គ្រងទុនបម្រុងអន្តរជាតិ។
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្តល់ជាឱកាសពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ។
វេទិកានេះ បានលើកយកបទពិភាក្សានូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន ៖ ការកើនឡើងនៃអត្រា អតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួល អាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អត្រាអតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
កិច្ចពិភាក្សា ក៏បានលើកឡើងពីសារៈសំខាន់នៃការបញ្ចូលបញ្ហាផ្លាស់ប្តូរអាកាសធាតុទៅក្នុងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទុនបម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចនាំឱ្យប៉ះពាល់ដល់កំណើន និងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើតនូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការវិវត្តនៃរូបិយប័ណ្ណ។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះ មានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោក បានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។
បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
ធនាគារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែកលើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ៕
អត្ថបទ៖ យ៉ាម៉ង់