ប្រធានទីភ្នាក់ងារបាននិយាយថា យានដ្រូនមួយគ្រឿងបានវាយប្រហារ និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់រថយន្តផ្លូវការរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅលើផ្លូវមួយទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃអង្គារ។
លោក Rafael Grossi អគ្គនាយកនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ X. ថា ពុំមានអ្នកស្លាប់និងរងរបួស ត្រូវបានរាយការណ៍នោះទេ ហើយក្រុមទាំងអស់មានសុវត្ថិភាព។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការវាយប្រហារនេះ គឺជាការវាយប្រហារដោយចេតនារបស់រុស្ស៊ី ដែលបង្ហាញថាទីក្រុងមូស្គូ មិនគោរពទាំងស្រុងចំពោះច្បាប់ និងស្ថាប័នអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិរុស្ស៊ី ពុំបាននិយាយអំពីឧបទ្ទវហេតុនេះទេ ដែលបានកើតឡើង ខណៈបុគ្គលិករបស់អង្គការឃ្លាំមើលរបស់ទីភ្នាក់ងារ IAEA កំពុងត្រូវបានប្តូរវេនចូល និងចេញពីស្ថានីយ៍។ លោក Grossi និយាយថា «ខ្ញុំថ្កោលទោសក្នុងលក្ខខណ្ឌម៉ឺងម៉ាត់បំផុតចំពោះការវាយប្រហារទៅលើបុគ្គលិករបស់ទីភ្នាក់ងារ IAEA។ «ជាថ្មីម្តទៀត យើងអំពាវនាវ ដូចដែលយើងបានធ្វើរួចមកហើយ ឲ្យមានភាពអត់ធ្មត់បំផុត»។

លោក Grossi បាននិយាយថា ការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចធ្វើទៅបាន ហើយការវាយប្រហារទៅលើអ្នកទាំងឡាយដែលកំពុងធ្វើការដើម្បីការពារគ្រោះថ្នាក់នុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះយោធាគឺ «កាន់តែមិនអាចទទួលយកបាន»។
ប្រធានាធិបតី លោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ផ្តល់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រូយ៉ូត(Patriot) ពី ១០ទៅ២០គ្រឿងបន្ថែមទៀត ដែលលោកបាននិយាយថា នឹងការពារដែនអាកាសរបស់ខ្លួនបានពេញលេញ។