ក្រុមឃ្លាំមើលសង្គ្រាមរបស់បក្សប្រឆាំងស៊ីរី បាននិយាយកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថា អ៊ីស្រាអែលបានវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅទូទាំងស៊ីរី ខណៈកងទ័ពរបស់ខ្លួនបានវាយរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសនេះ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលប្រកាសថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញមូលដ្ឋានជើងទឹកស៊ីរី។
អ៊ីស្រាអែល បានទទួលស្គាល់ការវាយរុញចូលទៅក្នុងតំបន់ទ្រនាប់មួយនៅស៊ីរី បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី Bashar Assad ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើទាហានអ៊ីស្រាអែលបានទៅហួសពីតំបន់នោះឬយ៉ាងណា។ អ៊ីស្រាអែល បានបដិសេធថាខ្លួនមិនបានវាយរុលទៅរដ្ឋធានីដាម៉ាស របស់ស៊ីរី ឡើយ។
យោធាអ៊ីស្រាអែល បានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួនបានវាយប្រហារច្រើនជាង ៣៥០ដងនៅស៊ីរី ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនោះ ដោយបំផ្លាញ "ឃ្លាំងអាវុធយុទ្ធសាស្ត្រភាគច្រើន" នៅក្នុងប្រទេស ដើម្បីបញ្ឈប់មិនឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកជ្រុលនិយម។
បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានថ្កោលទោសការវាយរុលទៅមុខដែលបានរាយការណ៍របស់អ៊ីស្រាអែល ចូលទៅក្នុងទឹកដីស៊ីរីនេះ ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ទីក្រុងដាម៉ាស៕