នគរបាលប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់បីនាក់ កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ខណៈមនុស្សរាប់រយនាក់ បានតវ៉ាប្រឆាំងទៅនឹងរលកនៃករណីឃាតកម្មលើស្ត្រី នៅក្នុងប្រទេស។
មនុស្សរាប់រយនាក់ ភាគច្រើនជាស្ត្រី បានចេញធ្វើបាតុកម្មក្នុងរដ្ឋធានីណៃរ៉ូប៊ី ជាកន្លែងដែលពួកគេបានផ្លុំកញ្ចែ និងស្រែកថា «ឈប់សម្លាប់ស្ត្រី!» ក្រុមបាតុករ ត្រូវបានបំបែក ម្តងហើយម្តងទៀតដោយមន្ត្រីនគរបាលដោយបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកពីរថយន្ត។
អ្នកស្រាវជ្រាវបាននិយាយថា ទស្សនៈនិងការការពារផ្លូវច្បាប់មិនគ្រប់គ្រាន់ គឺជាកត្តាចម្បងនៅពីក្រោយកម្រិតខ្ពស់នៃអំពើហិង្សាយេនឌ័រនៅប្រទេសកេនយ៉ា។
នគរបាលប្រទេសកេនយ៉ា ក៏បានប្រឈមមុខទៅនឹងការរិះគន់ចំពោះសកម្មភាពរបស់ពួកគេក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមិថុនា និងខែកក្កដា នៅពេលដែលមនុស្សយ៉ាងហោចណាស់៦០នាក់ត្រូវបានសម្លាប់។