បណ្ដាព្រឹទ្ធសមាជិកអាមេរិក បានលើកឡើងកាលពីថ្ងៃអង្គារ (១០ ធ្នូ) ថា ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ក្នុងការនិរទេសជនអន្តោប្រវេសន៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក នឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ជំរុញអតិផរណា និងភាពអត់ការងារធ្វើ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាជនលើយោធា។
គួរបញ្ជាក់ថា មេដឹកនាំមកពីបក្សសាធារណរដ្ឋ លោក Trump បានប្តេជ្ញាប្រកាសភាពអាសន្នជាតិផ្នែកអន្តោប្រវេសន៍ នៅពេលលោកចូលកាន់តំណែងក្នុងខែមករា ហើយប្រើប្រាស់កងទ័ពដើម្បីប្រមូលផ្តុំ និងបណ្តេញជនអន្តោប្រវេសន៍កដែលគ្មានឯកសារប្រហែល ១៣លាននាក់ចេញពីប្រទេស។
សម័យប្រជុំព្រឹទ្ធសភាដឹកនាំដោយបក្សប្រជាធិបតេយ្យ ដែលរួមមានអតីតមេទ័ព និងអ្នកជំនាញផ្នែកអន្តោប្រវេសន៍ បានលើកឡើងថា វិធានការនិរទេសនេះគឺជាការគំរាមកំហែងដល់សុខុមាលភាពរបស់ប្រជាជនអាមេរិកទាំងអស់ ខណៈមន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាអន្តោប្រវេសន៍អាមេរិក បានប៉ាន់ប្រមាណថា ការនិរទេសទ្រង់ទ្រាយធំនឹងត្រូវចំណាយអស់ជិត ១សែនកោដិ៍ដុល្លារអាមេរិក និងប៉ះពាល់ពី ៤,២% ទៅ ៦,៨% លើសេដ្ឋកិច្ច ដែលដូចទៅនឹងការបំផ្លិចបំផ្លាញក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨។
រដ្ឋាភិបាលអាមេរិក បានជួបការលំបាកអស់ជាច្រើនទសវត្សរ៍ដើម្បីគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយម៉ិកស៊ិក ហើយលោក Trump បានអះអាងនៅលើផ្លូវនៃយុទ្ធនាការឆ្នាំ២០២៤ ថា "ការលុកលុយ" កំពុងធ្វើឡើងដោយឧក្រិដ្ឋជនដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងសន្យាដោះស្រាយបញ្ហានោះ៕