ធនាគារពិភពលោក នៅថ្ងៃពុធ (ទី១១ ខែធ្នូ) នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់សហភាពមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ១ភាគរយ នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយបានទម្លាក់យ៉ាងខ្លាំងនូវការព្យាករសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បានផ្ដល់បញ្ហាប្រឈមកាន់តែអាក្រក់ឡើងៗដល់ប្រទេសហែកហួរដោយជម្លោះមួយនេះ។
កាលពីខែមិថុនា ធនាគារបានព្យាករថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា នឹងកើនឡើង ១ភាគរយ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងនូវភាពក្រីក្រ និងការកើនឡើងនូវអំពើហិង្សា។
គួរបញ្ជាក់ថា ប្រទេសដែលមានប្រជាជនចំនួន ៥៥លាននាក់មួយនេះ បានស្ថិតក្នុងភាពចលាចលរហូតមក ចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដែលការធ្វើបែបនោះ បង្កឲ្យមានចលនាតវ៉ាទូទាំងប្រទេស រហូតវិវត្តទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធា។
ក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ធនាគារពិភពលោក បានឲ្យដឹងថា៖ «កម្រិត និងការកើនឡើងនៃជម្លោះប្រដាប់អាវុធ នៅតែមានកម្រិតខ្ពស់ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងជីវភាពរស់នៅ រំខានដល់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយបង្កើនភាពមិនច្បាស់លាស់ ជុំវិញទស្សនវិស័យសេដ្ឋកិច្ច»។
ធនាគារនេះបានបន្ថែមថា វិស័យសេដ្ឋកិច្ចជាច្រើន កំពុងជួបការលំបាក ហើយផលិតកម្មកសិកម្ម ទំនងជានឹងធ្លាក់ចុះ ដោយសារតែព្យុះទីហ្វុង Yagi ដែលបានបក់បោកលើប្រទេសនេះក្នុងខែកញ្ញា និងបណ្តាលឲ្យមានទឹកជំនន់ស្ទើរគ្រប់ទីកន្លែង៕