នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បាននិយាយថា កិច្ចប្រជុំស្វែងរកសន្តិភាពលើសង្រ្គាមនៅអ៊ុយក្រែន អាចនឹងចាប់ផ្តើមនៅរដូវរងានេះ ពេលលោកគូសបញ្ជាក់ពីជំនួបតាមការគ្រោងទុកជាច្រើន ខណៈដែលទីក្រុងវ៉ាសូវី ព្យាយាមដើរតួឈានមុខគេ ក្នុងការបញ្ចប់ជម្លោះ ។
ប៉ូឡូញ ស្ថិតក្នុងចំណោមអ្នកគាំទ្ររឹងមាំបំផុតរបស់ទីក្រុងគីវ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។
លោក Tusk និយាយថា ទីក្រុងវ៉ាសូវី នឹងជាប់ពាក់ព័ន្ធច្រើនរាល់ជំនួបណាមួយ ពេលដែលពួកគេធ្វើជាប្រធានវិលជុំនៃកិច្ចប្រជុំសហភាពអឺរ៉ុបនាថ្ងៃទី ១ ខែមករា ខាងមុខនេះ ។
លោក Tusk និយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាសូវី នៅថ្ងៃព្រហស្បតិ៍ស្អែក ដើម្បីផ្តល់សេចក្តីសង្ខេបលើកិច្ចប្រជុំជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅទីក្រុងប៉ារីស កាលពីចុងសប្តាហ៍កន្លងទៅ ។
លោកថា លោកបានទាក់ទងឥតឈប់ឈរជាមួយក្រុមប្រទេសស្កង់ឌីណាវី និងសម្ព័ន្ធមិត្តបាល់កង់របស់ទីក្រុងវ៉ាសូវី ហើយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer នឹងធ្វើដំណើរមកកាន់ទីក្រុងវ៉ាសូវី នៅប៉ុន្មានថ្ងៃមុនការធ្វើជាប្រធានកិច្ចប្រជុំសហភាពអឺរ៉ុបរបស់ប៉ូឡូញ ៕