ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារថា ទួរគីនឹងមិនអនុញ្ញាតឲ្យប្រទេសស៊ីរី ក្លាយជាតំបន់ជម្លោះ និងបែកបាក់ម្តងទៀតទេ។
លោក អឺដូហ្កាន់ បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណបក្សដែលកំពុងគ្រប់គ្រងអំណាចថា៖«ការវាយប្រហារណាមួយលើស្ថិរភាពរបស់រដ្ឋាភិបាលស៊ីរីថ្មី ឬបូរណភាពទឹកដីស៊ីរីបុរាណ នឹងត្រូវប្រឈមមុខទាំងប្រជាជនស៊ីរី និងពួកយើងទាំងអស់គ្នា»។
លោកបានបញ្ជាក់ថា៖ «យើងមិនអាចទទួលយកជំហានណាមួយ ឬការបង្កហេតុ ដែលមានគោលបំណងរារាំងការវិលត្រឡប់របស់បងប្អូនជនជាតិស៊ីរីរបស់យើង ទៅស្រុកកំណើតរបស់ពួកគេវិញនោះទេ»។
ក្រុមសកម្មប្រយុទ្ធស៊ីរី ដែលដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានធ្វើការវាយលុកដ៏ធំមួយពីភាគខាងជើងប្រទេសស៊ីរី តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះមក បានវាយលុកទៅភាគខាងត្បូងតាមតំបន់នានាដែលកាន់កាប់ដោយរដ្ឋាភិបាល ដោយដណ្តើមយករដ្ឋធានីដាម៉ាស ( Damascus) ក្នុងរយៈពេល ១២ថ្ងៃ។
បន្ទាប់ពីការវាយលុកនោះមក រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បានដួលរលំ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។ លោក អាល់អាសាដ បានលាលែងពីតំណែង ហើយបានមកដល់ប្រទេសរុស្ស៊ី ដើម្បីសុំសិទ្ធិជ្រកកោន។