រដ្ឋមន្ត្រីការពារជាតិលោក Israel Katz កាលពីថ្ងៃអង្គារ (ទី១០ ខែធ្នូ) បាននិយាយថា អ៊ីស្រាអែលបានបញ្ជាកងកម្លាំងរបស់ខ្លួនឲ្យបង្កើត «តំបន់ការពារមិនបង្កអរិភាព» នៅភាគខាងត្បូងប្រទេសស៊ីរី ដែលនឹងត្រូវអនុវត្តដោយគ្មានវត្តមានរបស់អ៊ីស្រាអែលជាអចិន្ត្រៃយ៍ ខណៈដែលប្រទេសនេះរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅតាមខ្សែបន្ទាត់ រវាងស៊ីរី និងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។
លោក Katz មិនបានផ្តល់ព័ត៌មានអ្វីលម្អិតនោះទេ ប៉ុន្តែលោកបាននិយាយថា តំបន់នេះនឹង «ទប់ស្កាត់ការបង្កើត និងការរៀបចំអំពើភេរវកម្ម ក្នុងប្រទេសស៊ីរី» បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad កាលចុងសប្តាហ៍កន្លងមក បានបិទបញ្ចប់រយៈពេល ៥ទសវត្សរ៍នៃការគ្រប់គ្រងរបស់គ្រួសារលោក។
បន្ទាប់ពីបានធ្វើដំណើរទៅមើលមូលដ្ឋានទ័ពជើងទឹក នៅកំពង់ផែ Haifa ភាគខាងជើងអ៊ីស្រាអែល លោក Katz បាននិយាយថា៖ «យើងនឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលជាដាច់ខាត»។
នៅមុននេះ អ្នកនាំពាក្យយោធា បានប្រាប់ថា កងទ័ពអ៊ីស្រាអែលនៅតែមានវត្តមានក្នុងតំបន់ទ្រនាប់គ្មានយោធា ក្នុងដែនដីស៊ីរី ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣ ក៏ដូចជា «ទីតាំងបន្ថែមមួយចំនួនទៀត» នៅខាងក្រៅតំបន់ខណ្ឌចែកប្រទេសទាំង២ នេះ។
ប៉ុន្តែអ្នកនាំពាក្យរូបនោះបានបដិសេធថា កងកម្លាំងអ៊ីស្រាអែលមិនបានវាយលុកចូលដែនដីស៊ីរីជ្រៅហួសពីតំបន់នោះទេ បន្ទាប់ពីប្រភពស៊ីរី បានលើកឡើងថា ការលុកលុយបានលាតសន្ធឹងដល់ចម្ងាយ ២៥គីឡូម៉ែត្រពីរដ្ឋធានីដាម៉ាស៕