សមាជិកនៃកងទ័ពលីបង់កាលពីថ្ងៃអង្គារ បានបាញ់ព្រមានទៅលើខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលបានឆ្លងកាត់ព្រំដែនពីខាងស៊ីរី ចូលទៅក្នុងប្រទេសលីបង់ នៅតំបន់ជាយក្រុងនៃភូមិ Kfar Qouq ភាគខាងកើតប្រទេសលីបង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពលីបង់។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា៖«ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណទាំងនោះ មកពីទឹកដីស៊ីរី បានឆ្លងកាត់ព្រំដែន ហើយបានចូលទៅជិតប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមួយរបស់កងទ័ព ហើយបានបាញ់ទៅលើអាកាស»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«កងទ័ពលីបង់បានបាញ់ព្រមាន ដែលបង្ខំឲ្យខ្មាន់កាំភ្លើងត្រឡប់ទៅទឹកដីស៊ីរីវិញ»។
ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា៖«កងទ័ពលីបង់ បានកោះហៅកងកម្លាំងបន្ថែម ទៅកាន់តំបន់នេះ ជាទីដែលពួកគេបានធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលបានទៅដល់រាប់ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសស៊ីរី»។
កងទ័ពលីបង់បានពង្រឹងវត្តមាន និងការដាក់ពង្រាយ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលខណ្ឌចែកប្រទេសលីបង់ និងស៊ីរី។