ភ្លើងឆេះព្រៃនៅតំបន់ភាគពាយ័ព្យទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បង្ខំឲ្យមានការជម្លៀសមនុស្សចេញ កាត់ផ្តាច់ចរន្តអគ្គិសនី ក៏ដូចជាបិទផ្លូវ ។
ភ្លើងឆេះព្រៃ Franklin Fire បានរីករាលដាលកាន់តែខ្លាំងកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅទីក្រុងតំបន់ឆ្នេរ Malibu ជិតផ្លូវហាយវ៉េឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅតាមមាត់មហាសមុទ្រចេញពីទីក្រុង Los Angeles ។
លោក Anthony Marrone គឺជាប្រធានក្រុមភ្នាក់ងារពន្លត់អគ្គិភ័យស្រុក Los Angelesបាននិយាយថា ភ្លើងឆេះព្រៃលែងអាចទប់ស្កាត់បានទៀតហើយ ។
លោកបន្តថា ភ្លើងឆេះព្រៃបច្ចុប្បន្នបានឆាបឆេះលើដីព្រៃទំហំជាង ៨៩០ហិចតា ហើយពួកយើងមានក្រុមភ្នាក់ងារពន្លត់អគ្គិសនី ៧០០នាក់ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។ ដោយសារការងារដ៏អស្ចារ្យរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ពួកយើងអាចកាត់បន្ថយចំនួនផ្ទះសម្បែងរងការបំផ្លិចបំផ្លាញមកនៅ កម្រិតអប្បរមា ។
លោកថា ពួកយើងគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសធ្ងន់ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែភ្លើងឆេះព្រៃនេះ លែងអាចទប់ស្កាត់បានទៀតហើយ ។
លោក Fred Roberts គឺជាអ្នកស្រុកមួយរូប និយាយថា ខ្យល់នៅតំបន់នោះ អាចរួមចំណែកធ្វើឲ្យភ្លើងឆេះព្រៃ លែងអាចគ្រប់គ្រងបាន ។
លោកបន្តថា នេះគឺជាតំបន់ដ៏ទាក់ទាញ ហើយខ្យល់មកខ្លាំងចេញពីមាត់ជ្រោះ Malibu ដូចម៉ាស៊ីនផ្លុំ ធ្វើឲ្យមានផលប៉ះពាល់រាល់ពេលវារីករាលដល់ ។ វាគឺជាតំបន់ស្រស់ស្អាតពិតមែន ប៉ុន្តែដើមឈើ និងស្ថានភាពភូមិសាស្រ្ត វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
អភិបាលរដ្ឋ California លោក Gavin Newsom និយាយថា រដ្ឋរបស់លោកទទួលបានការផ្តល់ជូនពីទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ សម្រាប់ធនធានគ្រប់គ្រងភ្លើងឆេះព្រៃ ៕