កងទ័ពអ៊ីស្រាអែល បានបាញ់ព្រមានកាលពីថ្ងៃអង្គារ នៅទីតាំងល្បាតរួមរបស់កងទ័ពលីបង់ និងអង្គភាព ប៉ូឡូញដែលប្រតិបត្តិការក្រោមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UNIFIL ខណៈព្យាយាមបិទផ្លូវសាធារណៈ Aitaroun-Bint Jbeil។
យោធាអ៊ីស្រាអែល បានបិទផ្លូវជាមួយនឹងពំនូកដីដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
រថយន្តរបស់UNIFIL និងកងទ័ពលីបង់ ត្រូវបានគេឃើញកាលពីថ្ងៃអង្គារ បើកបរលើផ្លូវ Bint Jbeil ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់មក។
អ៊ីស្រាអែល កំពុងរងការរិះគន់ចំពោះការបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ក្រោមលេសថា មានពេល ៦០ថ្ងៃ ដើម្បីដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់។
ការរំលោភបំពានរបស់អ៊ិស្រាអែលនោះ គឺពាក់ព័ន្ធនឹងការបំផ្លាញអគារ ផ្ទះសម្បែង សម្ភារៈបរិក្ខារ និងផ្លូវដែលនៅសេសសល់ នៅតាមព្រំដែន ដែលធ្វើឲ្យតំបន់នេះ មិនអាចរស់នៅបាន។
កងទ័ពអ៊ីស្រាអែល បានធ្វើការបំផ្ទុះទ្រង់ទ្រាយធំនៅក្នុងទីក្រុង Khiam ដើម្បីបំផ្លាញផ្ទះ និងអគារ។
ការចូលរបស់ក្រុមវិស្វកម្មរបស់កងទ័ពលីបង់ ទៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានពន្យារពេល។ គណៈកម្មាធិការមួយមានសមាជិក៥រូប ដែលទទួលខុសត្រូវលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ បានអនុម័តឲ្យក្រុមនេះចូលពីដំបូងឡើយ។