ប្រទេសបារាំង បានចាប់ផ្តើមការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសឆាដកាលពីថ្ងៃអង្គារ ដោយយន្តហោះចម្បាំងមួយចំនួន បានហោះចេញពីមូលដ្ឋានបារាំង នៅក្នុងរដ្ឋធានីអែនចាមេណា (N'Djamena) របស់ប្រទេសឆាដ។ នេះបើយោងតាមកងទ័ពឆាដ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ លោក Chanane Issakha Acheikh អ្នកនាំពាក្យកងទ័ពឆាដ បាននិយាយថា សាធារណជន នឹងត្រូវបានជូនដំណឹងអំពីដំណាក់កាលនីមួយៗនៃការដកទ័ពចេញ រហូតដល់ការចាកចេញចុងក្រោយនៃកងកម្លាំងបារាំងទាំងអស់។
កាលពីខែមុន ប្រទេសឆាដ បានប្រកាសថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាមួយបារាំង ដោយសង្កត់ធ្ងន់ថា វាដល់ពេលហើយសម្រាប់ប្រទេសឆាដ ដើម្បីធានានូវអធិបតេយ្យភាពពេញលេញរបស់ខ្លួន និងកំណត់ឡើងវិញនូវដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមអាទិភាពជាតិ។